គណៈប្រតិភូរដ្ឋសភា ចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ———————

ខេត្តកំពង់ស្ពឺ៖ គណៈប្រតិភូរដ្ឋសភា រួមមាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤,​ ឯកឧត្តម សុខ ប៊ន សមាជិកគណៈកម្មការទី៥ និងឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ នេះ គឺជាការបោះជំហានប្រវត្តិសាស្ត្រមួយទៀត ដើម្បីឆ្លើយតបចំពោះបុព្វហេតុការពារជាតិទាំងបច្ចុប្បន្ន និងអនាគត។ យន្តការនេះត្រូវបានដឹកនាំ និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ តាមរយៈគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីធានាឱ្យដំណើរការអនុវត្តប្រព្រឹត្តទៅដោយរលូន តម្លាភាព និងស្របតាមច្បាប់ជាធរមាន។

យោងតាមទិន្នន័យពីក្រសួងការពារជាតិ ដំណាក់កាលដំបូងនេះមានយុវជនស្ម័គ្រចិត្តដាក់ពាក្យរហូតដល់ ១៤៦៤៦ នាក់ (ក្នុងនោះមានស្ត្រី ២៤១៧ នាក់) ខណៈរាជរដ្ឋាភិបាលបានកំណត់ផែនការជ្រើសរើសចំនួន ១០០០០ នាក់ សម្រាប់ឆ្នាំ២០២៦។

សម្រាប់វគ្គទី១ យុវជនចំនួន ៥០០០ នាក់ ត្រូវបានបញ្ជូនទៅទទួលការហ្វឹកហ្វឺនរយៈពេល៣ខែ នៅតាមសាលាហ្វឹកហ្វឺនទាំង៨ របស់ក្រសួងការពារជាតិ ដើម្បីពង្រឹងចំណេះដឹង ជំនាញយោធា វិន័យកងទ័ព និងកាយសម្បទា មុនចេញទៅបំពេញភារកិច្ចជាក់ស្តែងតាមបណ្តាកងឯកភាព។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយប្រារព្ធឡើងចំថ្ងៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា។

ការអនុវត្តកាតព្វកិច្ចយោធាមិនត្រឹមតែជាខឿនការពារអធិបតេយ្យ និងបូរណភាពទឹកដីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលយុវជនជំនាន់ថ្មីឱ្យមានវិន័យ ស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់ ក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/@nationalassemblyofcambodia?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/@national.assembly?_t=8j2nnh9CZG5
Website: https://na.gov.kh/

Leave a Reply

Your email address will not be published. Required fields are marked *