ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារគន្លឹះចំនួន ១០ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈ ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល ព្រមទាំងចូលរួមពង្រឹងគុណភាពព័ត៌មាន និងទំនុកចិត្តរបស់សាធារណជន។
សារគន្លឹះទាំងនេះ ត្រូវបានលើកឡើងក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
សារគន្លឹះទាំង ១០ចំណុច រួមមាន៖
១. សេរីភាពសារព័ត៌មានត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវ។
២. ការផ្សាយមុនគេមិនសំខាន់ជាងការផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវនោះទេ។
៣. ការចោទប្រកាន់ត្រូវមានភស្តុតាង មិនមែនផ្អែកតែលើការសន្និដ្ឋានឡើយ។
៤. ការរិះគន់ត្រូវផ្អែកលើអង្គហេតុ មិនមែនការជេរប្រមាថនោះទេ។
៥. ក្រមសីលធម៌ជាខ្សែការពារទីមួយ ហើយចំណេះដឹងផ្លូវច្បាប់ជាខ្សែការពារទីពីរ។
៦. បណ្ណសារព័ត៌មានជាសញ្ញានៃភារកិច្ច មិនមែនជាអំណាចសម្រាប់គំរាមកំហែងឡើយ។
៧. មិនត្រូវយកចំនួនអ្នកមើលមកជំនួសគុណភាពព័ត៌មាននោះទេ។
៨. មិនត្រូវឱ្យបញ្ញាសិប្បនិម្មិត (AI) ក្លាយជាឧបករណ៍សម្រាប់បំភ្លៃការពិតឡើយ។
៩. នៅពេលមានកំហុស ត្រូវហ៊ានកែតម្រូវ និងទទួលខុសត្រូវ។
១០. ទំនុកចិត្តសាធារណៈ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការកសាងទំនុកចិត្តសាធារណៈ ដោយចាត់ទុកថា ព័ត៌មានមិនពិតជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងសង្គមឌីជីថល។ ព័ត៌មានមិនពិតអាចកើតឡើងដោយសារការយល់ច្រឡំ ការខ្វះការផ្ទៀងផ្ទាត់ ឬការបង្កើតឡើងដោយចេតនា ដើម្បីបំភ្លៃការយល់ដឹងរបស់សាធារណជន។
ក្នុងបរិបទនេះ អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋអាចបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត តាមរយៈការស្វែងរកប្រភពច្បាស់លាស់ ការផ្ទៀងផ្ទាត់អង្គហេតុ និងការផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវចាប់ផ្តើមពីការអនុវត្តរបស់ខ្លួនឯង ដោយធានាថា ខ្លួនមិនក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដោយអចេតនានោះឡើយ។
លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែក ឬផ្សព្វផ្សាយ ដោយត្រូវពិនិត្យប្រភពដើម កាលបរិច្ឆេទ បរិបទ និងភស្តុតាងឱ្យបានច្បាស់លាស់។ ចំពោះរូបភាព និងវីដេអូ អ្នកសារព័ត៌មានត្រូវពិនិត្យភាពត្រឹមត្រូវ និងប្រភពរបស់វា ខណៈការចោទប្រកាន់លើបុគ្គល ឬស្ថាប័នណាមួយ ត្រូវផ្អែកលើភស្តុតាងគ្រប់គ្រាន់។
ការលើកឡើងនេះ គឺជាការរំលឹកដល់អ្នកសារព័ត៌មានឱ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ គោរពក្រមសីលធម៌ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយការប្រុងប្រយ័ត្ន ដើម្បីរួមចំណែកធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជនមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងមានការទទួលខុសត្រូវ។
#សារព័ត៌មាន #ក្រសួងព័ត៌មាន #នេត្រភក្ត្រា #ក្រមសីលធម៌សារព័ត៌មាន #ព័ត៌មានពិត
