ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំភាគីជប៉ុនចុះពិនិត្យសាលារៀននៅក្រុងកោះរ៉ុង ដើម្បីសិក្សាតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ

ព្រះសីហនុ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់សាលារៀន។

ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារបានជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសិក្សា និងបរិយាកាសអប់រំនៅតាមសាលារៀនទាំងនេះ។

ការចុះពិនិត្យនេះមានគោលបំណងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងកែលម្អសាលារៀនឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការរបស់វិស័យអប់រំនៅក្រុងកោះរ៉ុង។

កិច្ចការនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពបរិស្ថានសិក្សា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន ដើម្បីផ្តល់ឱកាសសិក្សាកាន់តែល្អប្រសើរដល់សិស្សានុសិស្សនៅក្នុងតំបន់។

#ក្រុមការងារចុះមូលដ្ឋានតំបន់ឆ្នេរ #ក្រុងកោះរ៉ុង #ខេត្តព្រះសីហនុ #វិស័យអប់រំ #កិច្ចសហប្រតិបត្តិការកម្ពុជា_ជប៉ុន #ហេដ្ឋារចនាសម្ព័ន្ធអប់រំ #អភិវឌ្ឍធនធានមនុស្ស #MLMUPC

Leave a Reply

Your email address will not be published. Required fields are marked *