(ភ្នំពេញ)៖ តំណាងមកពី សមាគមសាសនា ចំនួន៣ នៅកម្ពុជា គឺពុទ្ធសាសនា គ្រីស្ទសាសនា និងអ៉ីស្លាមសាសនា បានផ្ញើសារឲ្យមហាជនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ពួកគាត់ បានចែករំលែកគំនិត ទស្សនៈ និងបទពិសោធន៍ ក្នុងការអនុវត្តទ្រស្តីសាសនារបស់ខ្លួន ដើម្បីជំរុញឲ្យសាធារណជនយល់ដឹង និងចូលរួមអនុវត្តជាក់ស្តែង ដោយចាប់ផ្តើមពីរឿងតូចៗ ដូចជា ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រើតែម្តង។
សារនេះបានបង្ហាញក្នុងឱកាស គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក – Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។
កម្មវិធីនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ ការជ្រើសរើសប្រធានបទអន្តរសាសនា បង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។
