សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកកូរ៉េជាដៃគូសំខាន់ផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញវិនិយោគិនកូរ៉េបង្កើនការវិនិយោគនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសាធារណរដ្ឋកូរ៉េជាដៃគូសំខាន់របស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសវិស័យវិនិយោគ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះដំណើររបស់ឯកឧត្តម Kim Jin-pyo មកកាន់កម្ពុជា និងបានចាត់ទុកដំណើរនេះថា ជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកចម្រើន។ សម្ដេចបានបញ្ជាក់ថា ប្រទេសទាំងពីរកំពុងមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តម Kim Jin-pyo បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េបច្ចុប្បន្នកំពុងមានភាពល្អប្រសើរ ហើយបានបង្ហាញក្តីសង្ឃឹមថា អ្នកទេសចរកូរ៉េនឹងមកទស្សនាកម្ពុជាកាន់តែច្រើន។ ឯកឧត្តមក៏បានកត់សម្គាល់ពីការចាប់អារម្មណ៍របស់អ្នកវិនិយោគកូរ៉េ ដែលកំពុងបន្តស្វែងរកឱកាសមកបណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងនេះ និងជំរុញឱ្យឯកឧត្តម Kim Jin-pyo ជួយលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគកូរ៉េឱ្យបង្កើនការវិនិយោគនៅកម្ពុជាកាន់តែច្រើន។ សម្ដេចបានបញ្ជាក់ថា កូរ៉េគឺជាដៃគូសំខាន់មួយរបស់កម្ពុជា ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/202334

រាយការណ៍ដោយ៖ The Khmer Today

Leave a Reply

Your email address will not be published. Required fields are marked *