រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ និងប្រធានប្រតិកម្មរហ័សក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម «វេទិកាប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត និងតំណាងទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន អ្នកជំនាញផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាច្រើនរូប។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ ជាមួយគ្នានេះ វេទិកាក៏បានផ្តោតលើការចែករំលែកបទពិសោធន៍ល្អៗក្នុងការផ្ទៀងផ្ទាត់ព័ត៌មានពិត ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ការសាយភាយព័ត៌មានមិនពិត៕

